នៅប៉ុន្មានឆ្នាំចុងក្រោយនេះការអភិវឌ្ឍនៃបច្ចេកវិជ្ជាផ្សេងៗដែលត្រូវបានធ្វើឡើងរួចទៅហើយ និង មានគម្រោងក្នុងការធ្វើឡើងសុទ្ធតែបានគិតទៅដល់បរិស្ថាន ដោយការអភិវឌ្ឍធ្វើឡើងដោយផ្តោតទៅលើការកាត់បន្ថយការបំភាយឧស្ម័នកាបូន និងការប្រើប្រាស់ថាមពលប្រចាំថ្ងៃ។ ឧទាហរណ៍នៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះយើងបានឃើញថា ការរីកចម្រើននៃការផលិតឡានអគ្គិសនី អំពូលភ្លើងLED និង ម៉ាសុីនត្រជាក់ Inverter ជាដើម ដោយការរីកចម្រើនទាំងអស់នេះសុទ្ធតែមានគោលបំណងកាត់បន្ថយថាមពលប្រើប្រាស់របស់អតិថិជន។ តែនៅក្នុងការកាត់បន្ថយនេះមានបាតុភូតមួយបានកើតឡើង ដោយបាតុភូតនោះត្រូវបានគេឱ្យឈ្មោះជាភាសាអង់គ្លេសថា “Rebound Effects” ដែលខ្ញុំសូមបកជាខេមរភាសាថា ផលប៉ះពាល់ត្រឡប់មកវិញ ។ នៅក្នុងអត្ថបទមួយនេះយើងនឹងធ្វើការស្វែងយល់ទាំងអស់គ្នាថាតើ ធ្វើទៅជា ផលប៉ះពាល់ត្រឡប់មកវិញ ហើយវាមានទំនាក់ទំនងអ្វីនឹងជីវិតរស់នៅប្រចាំថ្ងៃរបស់យើង ក៏ដូចជាដំណោះស្រាយដែលយើងអាចធ្វើបានដើម្បីឆ្លើយតបទៅនឹងបាតុភូតនេះ។
នៅក្នុងអត្ថបទនេះខ្ញុំបានប្រើប្រាស់ពាក្យ សុីថាមពល ដើម្បីពន្យល់ឱ្យងាយយល់ជាភាសាដែលយើងប្រើប្រាស់ប្រចាំថ្ងៃ។ ខ្ញុំសូមសុំទោសទុកជាមុនចំពោះកំហុសអចេតនា ឬ ការប្រើប្រាស់ពាក្យពេចន៍មិនសមរម្យត្រង់ណាមួយ។
សេចក្តីផ្តើម
នៅក្នុងឆ្នាំ ១៨៦៥ លោក William Stanley Jevons បានធ្វើកិច្ចការមួយដែលទាក់ទងទៅនឹងការប្រើប្រាស់ធ្យូងថ្មនៅក្នុងប្រទេសអង់គ្លេសក្នុងអំឡុងពេលដែលប្រទេសនេះធ្វើបដិវត្តន៍ឧស្សាហកម្ម។ នៅពេលនោះលោកបានចាប់អារម្មណ៍ថា បច្ចេកវិជ្ជាជឿនលឿនដែលធ្វើឱ្យធ្យូងថ្មមានប្រសិទ្ធភាពជាងមុននាសម័យនោះមិនបានធ្វើឱ្យបរិមាណធ្យូងថ្មសរុបដែលត្រូវបានប្រើប្រាស់មានការថយចុះនោះឡើយ ដែលផ្ទុយពីគោលបំណងនៃការអភិវឌ្ឍបច្ចេកវិជ្ជានោះដើម្បីកាត់បន្ថយបរិមាណធ្យូងថ្ម។ បាតុភូតនេះត្រូវបានគេឱ្យឈ្មោះថា Jevons’ Paradox។ លោកបានបន្ថែមពីលើនោះទៀតថា ការធ្វើឱ្យធ្យូងថ្មមានប្រសិទ្ធភាពជាងមុននេះ ធ្វើឱ្យការចំណាយលើការប្រើប្រាស់ម៉ាសុីនដែលដំណើរការដោយធ្យូងថ្មទាំងនោះថយចុះ ពោល គឺប្រើប្រាស់ធ្យូងថ្មអស់តិចប្រៀបធៀបទៅនឹងការប្រើប្រាស់ពីមុន ក្នុងរយៈពេលនៃការប្រើប្រាស់ដូចគ្នា។ តែដោយសារតែការសន្សំសំចៃនេះ ឧស្សាហកម្មទាំងអស់នោះបានយកប្រាក់ដែលទទួលបានពីការសន្សំសំចៃនោះទៅពង្រីកទីផ្សា ពោលគឺពង្រីកទំហំនៃការប្រើប្រាស់ម៉ាស៊ីនធ្យូងថ្មនេះ រហូតដល់ការប្រើប្រាស់ធ្យូងថ្ម មានបរិមាណដូចមុន ឬច្រើនជាងមុនទៅទៀត។ ដោយផ្អែកទៅលើការងាររបស់លោក Jevons នៅឆ្នាំ ១៩៨០ សេដ្ឋវិទូឈ្មោះ Daniel Khazzoom បានហៅបាតុភូតនេះថា ផលប៉ះពាល់ត្រឡប់មកវិញ និង បានធ្វើការសិក្សាទៅលើការប្រើប្រាស់ថាមពលប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋទូទៅហើយបានកត់សំគាល់ថា ការអភិវឌ្ឍដែលធ្វើឱ្យគ្រឿងបរិក្ខារមានប្រសិទ្ធភាពជាងមុន ឬប្រើប្រាស់ថាមពលអស់តិចជាងមុននោះ មិនបានកាត់បន្ថយថាមពលប្រើប្រាស់សរុបប្រចាំខែនោះទេ ផ្ទុយមកវិញវាធ្វើឱ្យបរិមាណថាមពលប្រើបាស់សរុបកើនឡើងទៅវិញ។ បន្ទាប់មកនៅឆ្នាំ ២០០៩ សេដ្ឋវិទូម្នាក់ទៀតឈ្មៅះ Steve Sorell បានធ្វើការសិក្សាលើបាតុភូតមួយនេះហើយបានបកស្រាយ និង បង្ហាញនូវផលប៉ះពាល់របស់ ផលប៉ះពាល់ត្រឡប់មកវិញ នៅក្នុងគ្រប់វិស័យ។ ម៉្យាងទៀតយើងក៏អាចបកស្រាយ ផលប៉ះពាល់ត្រឡប់មកវិញ ដោយប្រើប្រាស់ទ្រឹស្តីសេដ្ឋកិច្ចបានផងដែរ ដោយការបង្កើនប្រសិទ្ធភាពលើបរិក្ខារទាំងអស់នោះ បានធ្វើឱ្យតម្លៃនៃការប្រើប្រាស់វត្ថុធាតុដើមធ្លាក់ចុះ ហើយធ្វើឱ្យតម្រូវការកើនឡើង។
ទ្រឹស្តីទូទៅនៃ ផលប៉ះពាល់ត្រឡប់មកវិញ
ផលប៉ះពាល់ត្រឡប់មកវិញ ត្រូវបានបែងចែកចេញជាពីរគឺ ផលប៉ះពាល់ត្រឡប់មកវិញដោយផ្ទាល់ និង ផលប៉ះពាល់ត្រឡប់មកវិញដោយប្រយោល។
ទស្សនៈទូទៅនៃ ផលប៉ះពាល់ត្រឡប់មកវិញ
ផលប៉ះពាល់ត្រឡប់មកវិញដោយផ្ទាល់ - Direct Rebound Effects
ផលប៉ះពាល់ត្រឡប់មកវិញដោយផ្ទាល់សំដៅទៅលើការកើនឡើងនៃការប្រើប្រាស់សេវាកម្មមួយដោយសារតែការបង្កើនប្រសិទ្ធភាពរបស់វា។ ឧទាហរណ៍ នៅពេលដែលយើងមានរថយន្តដែលសន្សំសំចៃប្រេងកាន់តែច្រើន នោះយើងនឹងប្រើប្រាស់វាកាន់តែញឺកញាប់ ឬ ធ្វើដំណើរកាន់តែយូរ។ ឧទាហរណ៍មួយផ្សេងទៀតនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់យើង យើងបានផ្លាស់ប្តូរពីការប្រើប្រាស់អំពូលដែលប្រើប្រាស់កូនជ្រូក(អំពូលមែត្រ) ទៅប្រើប្រាស់អំពូលLED ជំនួសវិញ ដោយអំពូលLED សុីថាមពលតិចជាង តែនៅពេលដែលយើងប្រើប្រាស់អំពូលLEDនោះយើងតែងតែមានទម្លាប់បើកវាចោលទោះយើងមិនត្រូវការ ឬប្រើប្រាស់ច្រើនហួសតម្រូវការដោយសារយើងគិតថាវាមិនសូវសុីថាមពលច្រើន ដែលជាហេតុនាំឱ្យមានការកើតឡើងនូវថាមពលសរុបប្រចាំខែ។ [1]
ផលប៉ះពាល់ត្រឡប់មកវិញដោយប្រយោល - Indirect Rebound Effects
ផលប៉ះពាល់ត្រឡប់មកវិញដោយប្រយោល សំដៅទៅលើការប្រើប្រាស់ផលដែលបានមកពីភាពសន្សំសំចៃរបស់សេវាកម្មមួយ ទៅលើសេវាកម្មមួយផ្សេងទៀតដែលតម្រូវឱ្យមានការប្រើប្រាស់វត្ថុធាតុដើមច្រើនជាងមុន។ ឧទាហរណ៍ នៅពេលដែលយើងសង្កេតឃើញថាម៉ាស៊ីនត្រជាក់ Inverter សុីថាមពលតិចនោះយើងនឹងមានគំនិតក្នុងការទិញឧបករណ៍នេះថែមទៀតដើម្បីដាក់នៅកន្លែងផ្សេងនៅក្នុងផ្ទះរបស់យើងទោះជាពេលខ្លះវាមិនចាំបាច់ក៏ដោយ ហើយការទិញឧបករណ៍នេះធ្វើឱ្យមានការកើនឡើងនូវថាមពលប្រើប្រាស់ និងវត្ថុធាតុដើមដើម្បីផលិតឧបករណ៍នេះផងដែរ។ [1]
ទស្សនៈផ្លូវចិត្ត និងសង្គមវិទ្យា
ការបកស្រាយតាមបែបវិទ្យាសាស្រ្តអាចផ្តល់នូវភស្តុតាងនៃវត្តមានរបស់បាតុភូតនេះក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់យើង តែមិនអាចបកស្រាយថាហេតុអ្វីបានជាបាតុភូតមួយនេះកើតឡើងនោះទេ។ ហេតុនេះបាតុភូតនេះតម្រូវឱ្យមានការបកស្រាយតាមបែបចិត្តសាស្រ្ត និង សង្គមវិទ្យា៖
ទស្សនៈផ្លូវចិត្ត
ការសិក្សាតាមបែបចិត្តសាស្រ្តនៃបាតុភូតនេះផ្តោតទៅលើការផ្លាស់ប្តូនៃអាកប្បកិរិយាបុគ្គលឆ្លើយតបទៅនឹងការបង្កើនប្រសិទ្ធភាពរបស់បរិក្ខារពោលគឺ តើនៅពេលដែលបរិក្ខារទាំងនោះសុីថាមពលតិចជាងមុន អ្នកប្រើប្រាស់នឹងកែប្រែអាកប្បកិរិយាក្នុងការប្រើប្រាស់បែបណា។
ការផ្លាស់ប្តូនេះអាចពន្យល់បានដោយប្រើប្រាស់ទ្រឹស្តីផ្លូវចិត្តសំខាន់ៗដូចជា៖
ភាពស្រពេចស្រពិល និង អាជ្ញាប័ណ្ណសីលធម៌ (Cognitive Dissonance and Moral Licensing)
មនុស្សអាចមានអារម្មណ៍ថាពួកគេមានសិទ្ធិក្នុងការប្រើប្រាស់ធនធានច្រើនជាងមុន បើសិនជាពួកគេជឿថាពួកគេកំពុងសន្សំសំចៃថាមពល។ ទ្រឹស្តីនេះដែលត្រូវបានហៅថា អាជ្ញាប័ណ្ណសីលធម៌ បង្ហាញថាការធ្វើអ្វីមួយដែលល្អ (ដូចជាការសន្សំថាមពល) អាចផ្ដល់សិទ្ធិផ្លូវចិត្តដល់មនុស្សឱ្យទទួលយកឥរិយាបថដែលអាចបំបាត់ផលប្រយោជន៍ដើម។ ការស្រាវជ្រាវពី (Tiefenbeck និងដៃគូ ឆ្នាំ ២០១៣) [2]បង្ហាញថារបៀបដែលអ្នកប្រើប្រាស់បច្ចេកវិជ្ជាដែលស៊ីថាមពលតិចជាងមុន អាចកាត់បន្ថយថាមពលសរុបនៃការប្រើប្រាស់ដំបូង ប៉ុន្តែបន្តិចម្ដងៗ ពួកគេចាប់ផ្ដើមប្រើប្រាស់ច្រើនទៅៗរហូតដល់កម្រិតដូចមុនឬលើសពីមុនដោយសារតែពួកគេគិតថាគេបាន និងកំពុងសន្សំសំចៃថាមពលតាមរយៈការប្រើប្រាស់នោះ។
ទ្រឹស្តីអំពីការយល់ឃើញខ្លួនឯង (Self-Perception Thoery)
ទ្រឹស្ដីនេះបង្ហាញថាមនុស្សធ្វើការសន្និដ្ឋានពីអាកប្បកិរិយារបស់ពួកគេ។ ឧទាហរណ៍ បើសិនជាពួកគេប្រើប្រាស់បច្ចេកវិជ្ជាដែលស៊ីថាមពលតិច នោះពួកគេអាចមើលឃើញខ្លួនឯងថាជាមនុស្សការពារបរិស្ថាន ដែលអាចនាំឱ្យមានការប្រើប្រាស់ថាមពលសរុបច្រើនជាងមុនវិញ ដោយសារតែពួកគេគិតថាពួកគេកំពុងប្រើប្រាស់បច្ចេកវិជ្ជាដែលជួយដល់បរិស្ថាន ដូច្នេះពួកគេមានទំនោរ និង គិតថាពួកគេមានសិទ្ធិក្នុងការប្រើប្រាស់ច្រើនជាងមុន (Bem ១៩៧២) [3]។
ទស្សនៈតាមបែបសង្គមវិទ្យា
ផលប៉ះពាល់ត្រឡប់មកវិញ នៅក្នុងបរិបទនៃសង្គមវិទ្យាត្រូវបានសង្កត់ធ្ងន់ និងបកស្រាយដោយផ្អែកទៅលើធាតុចូលផ្សេងៗដូចជា វប្បធម៌នៃការប្រើប្រាស់ បរិបទសង្គម និងទម្រង់សេដ្ឋកិច្ច។ ដោយនៅក្នុងនោះយើងអាចបកស្រាយប្រភពនៃបាតុភូតនេះតាមពីរបែបផ្សេងគ្នាដូចជា៖
វប្បធម៌នៃការប្រើប្រាស់ និង មុខមាត់នៅក្នុងសង្គម
ការបកស្រាយនេះបានពន្យល់ដោយ (Kempen 2009) [4]ដោយលោកបានបកស្រាយថាមនុស្សតែងតែមានបំណងចង់បានមុខមាត់នៅក្នុងសង្គម ហើយគេតែងតែព្យាយាមធ្វើអ្វីមួយដែលសង្គមឱ្យតម្លៃ ហើយព្យាយាមធ្វើវាច្រើនឡើងៗដើម្បីទទួលបានការសរសើរពីអ្នកដទៃនៅក្នុងសង្គម។ យើងអាចលើកយកឧទាហរណ៍មួយលើការប្រើប្រាស់ឡានអគ្គិសនី គោលបំណងចម្បងនៃការប្រើប្រាស់ឡាននេះគឺ ការសន្សំសំចៃថាមពល តែការសន្សំសំចៃថាមពលនេះក៏ដើរតួជាភស្តុតាងម្យ៉ាងដែលបង្ហាញអ្នកដទៃថា អ្នកប្រើប្រាស់ជាមនុស្សស្រឡាញ់បរិស្ថាន (status symbol) នៅពេលនោះ អ្នកប្រើប្រាស់នឹងព្យាយាមប្រើប្រាស់ឡាននេះឱ្យកាន់តែញឹកញាប់ដើម្បីទទួលបានការសរសើរពីអ្នកដទៃ។ ការប្រើប្រាស់ច្រើនជាងមុននេះចុងក្រោយធ្វើឱ្យការប្រើប្រាស់ថាមពលសរុបច្រើនជាងការសន្សំសំចៃដែលបានព្រាងទុកទៅវិញ។
កត្តាហេដ្ឋារចនាសម្ព័ន្ធ
នៅក្នុងសង្គមមួួយហេដ្ឋារចនាសម្ព័ន្ធក៏ដើរតួសំខាន់ផងដែរ និងមានឥទ្ធិពលលើឥរិយាបថក្នុងការប្រើប្រាស់គ្រឿងបរិក្ខារ។ ដោយក្នុងនោះហេដ្ឋារចនាសម្ព័ន្ធ អាចតម្រូវមនុស្សប្រើប្រាស់គ្រឿងបរិក្ខារដែលសន្សំសំចៃថាមពលច្រើនពោលគឺអ្នកប្រើប្រាស់គ្មានជម្រើសអ្វីផ្សេងក្រៅពីការប្រើប្រាស់ច្រើននោះទេ។
ជាចុងក្រោយ
អត្ថបទខ្លីមួយនេះសរសេរឡើងក្នុងគោលបំណងផ្តល់ជាគំនិត និងធ្វើឱ្យអ្នកអានអាចស្វែងយល់ពីបាតុភូតមួយនេះ ហើយអាចប្រើប្រាស់ចំណេះដឹងមួយនេះដើម្បីធ្វើការសន្សំសំចៃ និងកែប្រែទម្លាប់ក្នុងគោលបំណងកាត់បន្ថយ ផលប៉ះពាល់ត្រឡប់មកវិញ នេះ។ អត្ថបទខ្លីមួយនេះដកស្រង់ចេញពី Applied Project របស់ខ្ញុំនៅសាលា Télécom Paris អ្នកដែលមានបំណងស្វែងយល់បន្ថែមអាចចូលទៅកាន់តំណ ៖ https://drive.google.com/file/d/1IhfiB5uYaLSm5O2l7ZhUbIVxEiTPwy3w/view?usp=sharing
ឯកសារយោង
[1] Sorrell, Steve (2007). The Rebound Effect: An Assessment of the Evidence for Economy-Wide Energy Savings from Improved Energy Efficiency. Tech. rep. UK Energy Research Centre. url: https://ukerc.ac.uk/ publications / the - rebound - effect - an - assessment - of - the - evidence - for - economy - wide - energy - savings-from-improved-energy-efficiency/.
[2] Tiefenbeck, Verena et al. (2013). “For better or for worse? Empirical evidence of moral licensing in a behavioral energy conservation campaign”. In: Energy Policy 57, pp. 160–171. issn: 0301-4215. doi: https://doi. org/10.1016/j.enpol.2013.01.021. url: https://www.sciencedirect.com/science/article/pii/ S0301421513000281.
[3] Bem, Daryl J. (1972). “Self-Perception Theory”. In: Advances in Experimental Social Psychology 6, pp. 1–62.
[4] Kempen, Luuk van (Jan. 2009). “Status Consumption and Poverty in Developing Countries. Evidence and Welfare Effects”. In: Language and Cognitive Processes - LANG COGNITIVE PROCESS.